សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត ១០០គ្រួសារ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ នៅឃុំចំនួន២ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

សម្តេចមហាមន្ត្រី គុយ សុផល បានមកដល់ទីតាំងចែកអំណោយ រួមដំណើរដោយមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងតំណាងរាស្ត្រ។

ក្នុងឱកាសនេះ សម្តេចមហាមន្ត្រី បានសម្តែងនូវក្តីរំភើបរីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានស្តាប់ពីសុខទុក្ខ ព្រមទាំងការលំបាកនានាដែលពួកគាត់កំពុងជួបប្រទះ។ សម្តេចក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់មានទំនុកចិត្តលើរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសគ្រួសារងាយរងគ្រោះ។

អំណោយដែលត្រូវបានចែកជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងមួយគ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម; មី ១កេស; ទឹកត្រី ១យួរ; ទឹកស៊ីអ៊ីវ ១យួរ; និងថវិកា ១០ម៉ឺនរៀល ។

កម្មវិធីចែកអំណោយនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ពីសម្តេចមហាមន្ត្រី គុយ សុផល និងរាជរដ្ឋាភិបាល ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅតំបន់ដែលមានជីវភាពខ្វះខាត។