កំពង់ឆ្នាំង៖គណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានដឹកនាំប្រតិភូចុះពិនិត្យ និងសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃវិស័យចំនួន៤ រួមមាន អប់រំ ធម្មការសាសនា វប្បធម៌ និងទេសចរណ៍ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
ប្រតិភូគណៈកម្មការត្រូវបានទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញទាំង៤វិស័យ។
ក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្ត បានរាយការណ៍អំពីវឌ្ឍនភាពថ្មីៗរបស់រដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។ លោកបានលើកឡើងថា ខេត្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ទាក់ទាញវិនិយោគិនឱ្យបង្កើតរោងចក្រ និងសហគ្រាសជាច្រើន ដែលបានបង្កើតការងារជូនកម្មករ និយោជិតបន្តបន្ទាប់។
លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ យុវជន និងកីឡា ធម្មការ និងសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដោយខិតខំពង្រឹងប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ តាមរយៈការរឹតបន្តឹងការអនុវត្តច្បាប់។ ខេត្តក៏បានអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរដ្ឋបាលខេត្ត និងមន្ទីរជំនាញសម្រេចបាន។ ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការបម្រើប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តមបានគូសបញ្ជាក់ថា បេសកកម្មសំខាន់របស់គណៈកម្មការរដ្ឋសភានាពេលនេះ គឺចូលរួមចំណែកលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព រួមទាំងការគាំទ្រអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល)។
ឯកឧត្តមបានវាយតម្លៃថា វិស័យទាំង៤នៅខេត្តកំពង់ឆ្នាំងមានភាពរីកចម្រើន និងបានបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។ ឯកឧត្តមក៏បានស្នើឱ្យរដ្ឋបាលខេត្តបន្តការខិតខំបន្ថែមទៀត ដើម្បីធានាថា ប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ មានសុខសុវត្ថិភាព និងជីវភាពធូធារ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា២០៣០-២០៥០ តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
