វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជា បិទវគ្គហ្វឹកហ្វឺនជំនាញប្រធានក្រុមសុនខហិតមីន-គ្រាប់

កំពង់ឆ្នាំង៖វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រធានក្រុមសុនខហិតមីន-គ្រាប់ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយក មីន៉ាក់ (CMAC)។

លោកឧត្តមសេនីយ៍ត្រី ធៀម សុភាព នាយកមណ្ឌលសុនខ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មានសិក្ខាកាមសរុបចំនួន ១២នាក់ ដែលត្រូវបានជ្រើសរើសមកពីបណ្តាអង្គភាពចំណុះ និងទីបញ្ជាការកណ្តាល។ គួរឱ្យ កត់សម្គាល់ថា វគ្គនេះក៏មានការចូលរួមពីសិក្ខាកាមអន្តរជាតិមកពីប្រទេសស៊ូដង់ខាងត្បូង ប៊ូស្នៀ អ៊ុយក្រែន និងអេត្យូពីផងដែរ។

លោកធៀម សុភាព បញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រធានក្រុមសុនខហិតមីននេះ ត្រូវបានរៀបចំឡើងក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងអង្គការ NPA ប្រចាំកម្ពុជា។

ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនដ៏សំខាន់នេះ មានគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេស យុទ្ធវិធី និងការគ្រប់គ្រងដឹកនាំក្រុមសុនខ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពក្នុងប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅតាមបណ្តោយព្រំដែនដែលរងផលប៉ះពាល់ពីសំណល់យុទ្ធភណ្ឌនៃសង្គ្រាមឈ្លានពាន។

ឯកឧត្តមបានបន្តថា «ការបញ្ចប់វគ្គហ្វឹកហ្វឺននេះ នឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផល និងអភិវឌ្ឍសហគមន៍»។

ឯកឧត្តម ហេង រតនា ក៏បានថ្លែងអំណរគុណដល់អង្គការ NPA ប្រចាំកម្ពុជា ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រយ៉ាងសកម្មដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រូបច្ចេកទេស និងសិក្ខាកាមទាំងអស់ ជាពិសេសសិក្ខាកាមជានារី ដែលបានខិតខំរៀនសូត្រទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ រហូតទទួលបានលទ្ធផលល្អប្រសើរ។

វគ្គហ្វឹកហ្វឺននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ CMAC ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីបន្តបេសកកម្មបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា៕