ឃាត់ខ្លួនជនសង្ស័យ ចំនួន១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញៈ កាលពី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិ វៀតណាមចំនួន១៩នាក់ មានស្ត្រី ០៥នាក់ និងបានដកហូតសម្ភារៈជាវត្ថុតាងមានដូចជា អាវុធខ្លី០១ដើម កុំព្យូទ័រ ALL in One ចំនួន ២៤ គ្រឿង ម៉ូនីទ័រ ០៩ គ្រឿង ទូរសព្ទ ២២ គ្រឿង Laptop ០១ គ្រឿង CPU ០១ គ្រឿង និងលិខិតឆ្លងដែនចំនួន ០២ ក្បាល។

ក្រោយពេលធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច(វត្ថុតាង)ទាំងនេះ  សមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោក ដោយការក្លែងឯកសារសាធារណៈដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស និងករណីឆបោកបែបលក្ខណៈស្នេហា(Romance Scam)។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូន សមត្ថកិច្ចនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕