រាជរដ្ឋាភិបាលចេញអនុក្រឹត្យឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំជាង ៥០០ ហិកតានៅខេត្ដកំពង់ស្ពឺ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាណា ឌីយ៉ា ផ្លូវជាតិលេខ៥១ ដែលមានទីតាំងស្ថិតនៅ ភូមិអង្គតាឡឹក ភូមិក្រាំងលាវ ភូមិត្រពាំងវែង១ ភូមិត្រពាំងវែង២ ភូមិគរ ឃុំសំបូរ ស្រុកសំរោងទង និងភូមិរោងដំរី ភូមិអង្គតាឯក ភូមិពន្នរ ភូមិត្រពាំងកំបោះ ភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមអនុត្រឹត្យចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងអនុត្រឹត្យដដែលបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ នេះមានទំហំ ៥១៨ ហិកតា ៤០ អា និង ១៧ សង់ទីអា (ដូចមានប្លង់បង្ហាញទីតាំងក្បាលដី និងតារាងនិយាមកាចំណុចព្រំដីភ្ជាប់ជាឧបសម្ព័ន្ធ ដែលមានការឯកភាពពីក្រសួងមានសមត្ថកិច្ចជាចំណែកភ្ជាប់អនុក្រឹត្យនេះ)។

ផ្ទៃដីទាំងអស់ដែលស្ថិតក្នុងបរិវេណតំបន់សេដ្ឋកិច្ចពិសេស កាណាឌីយ៉ា ផ្លូវជាតិលេខ៥១ ដូចមានកំណត់ខាងលើ គឺជាកម្មសិទ្ធិឯកជនស្របច្បាប់របស់ក្រុមហ៊ុនសម្រាប់ការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស៕