កំពង់ឆ្នាំង៖នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ រដ្ឋ បាលស្រុកជលគិរី បានរៀបចំពិធីដង្ហែពានរង្វាន់ ជ័យលាភីចំនួន៦ ដែលស្រុកទទួលបានជាផ្លូវការ ក្នុងនោះរួមមានទាំងពានរង្វាន់សមិទ្ធិកម្មរដ្ឋបាលស្រុក ពានរង្វាន់ស្តង់ដាសាលាគំរូ ពានរង្វាន់គ្រូល្អ និងពានរង្វាន់កីឡា សម្រាប់ឆ្នាសិក្សា២០២៤- ២០២៥។
ពិធីនេះដឹកនាំដោយ លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ដោយមានការចូលរួមពីមន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងស្រុក។ ដង្ហែពានរង្វាន់បានធ្វើឡើងនៅក្នុងមូលដ្ឋានស្រុកជលគិរី ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឱ្យបានទូលំទូលាយ ព្រមទាំងលើកទឹកចិត្ត និងអបអរសាទរចំពោះសមិទ្ធិផលថ្មីៗដែលរដ្ឋបាលស្រុក និងគ្រឹះស្ថានសិក្សាបានសម្រេចបាន។
ពានរង្វាន់ទាំងនេះជាផ្នែកមួយនៃការទទួលស្គាល់ ពីក្រសួងអប់រំ យុវជន និងកីឡា ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលមូលដ្ឋាន សាលារៀន គ្រូបង្រៀន និងកីឡាករ កីឡាការិនីក្នុងការអភិវឌ្ឍវិស័យអប់រំ និងកីឡា នៅតាមមូលដ្ឋាន។
ពិធីដង្ហែពានរង្វាន់នេះ មិនត្រឹមតែបង្ហាញពីសមិទ្ធិ ផលដែលសម្រេចបានប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តឱ្យអង្គភាព និងបុគ្គលពាក់ព័ន្ធបន្តខិត ខំបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព។
រដ្ឋបាលស្រុកជលគិរី បានបញ្ជាក់ថា សមិទ្ធិផលទាំងនេះជាផ្លែផ្កានៃការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានសិក្សា គ្រូបង្រៀន សិស្ស និងប្រជាពលរដ្ឋ ហើយនឹងបន្តដាក់ចេញនូវវិធានការបន្ថែម ដើម្បីរក្សា និងលើកកម្ពស់គុណភាពអប់រំ កីឡា និងការគ្រប់គ្រងរដ្ឋបាលឱ្យកាន់ តែប្រសើរឡើងនាពេលខាងមុខ។
