ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលដើម្បីចូលជួបសម្ដែងការគួសមជាមួយ ឯកឧត្តម វ៉ាង វិនពីន និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា

ភ្នំពេញ៖ នាថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលដើម្បីចូលជួបសម្ដែងការគួសមជាមួយ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។

ក្នុងជំនួបនោះ ឧកញ៉ា តែ តាំងប៉ ប្រធានគណៈប្រតិភូ បានលើកជាសំណើរ ជូនទៅភាគីចិន រួមមាន៖ ការស្នើសុំភាគីចិនក្នុងការជួយផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តបន្ថែមដល់ការវិនិយោគកែច្នៃផលិតផលកសិកម្មក្នុងស្រុកដើម្បីអាចជួយជំរុញបន្ថែមនូវការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ ភាគីកម្ពុជាក៏បានស្នើសុំភាគីចិន ជួយសម្រួលបន្ថែមដល់ការផ្ដល់ទិដ្ឋាការដល់ប្រជាពលរដ្ឋខ្មែរអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀតផងដែរ។

ជាលទ្ធផល ភាគីចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា បានឆ្លើយតបជាវិជ្ជមានចំពោះករណីសម្របសម្រួលបែបបទទិដ្ឋាការ ដោយបានបញ្ជាក់ថានាពេលបច្ចុប្បន្ន ខាងចិនបានផ្ដល់ទិដ្ឋាការដល់ប្រជាជនខ្មែរចំនួនប្រមាណ ៤០០នាក់ ក្នុងមួយថ្ងៃ ហើយប្រជាជនខ្មែរក៏អាចស្នើសុំទិដ្ឋាការតាមរយៈប្រព័ន្ធអនឡាញ។ ពិសេសភាគីចិនបានបញ្ជាក់ថា ចិននិង កម្ពុជា កំពុងធ្វើកិច្ចសហការជាមួយគ្នាដើម្បីឈានដល់ការលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ សម្រាប់កិច្ចការបណ្ដុះបណ្ដាលបច្ចេកទេសសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគីចិន ក៏បានឆ្លើយតបដោយវិជ្ជមានចំពោះសំណើររបស់ FASMEC និងស្វាគមន៍ចំពោះការចែករំលែកព័ត៌មាន និងបច្ចេកទេសផ្សេងៗ ដើម្បីជំរុញដល់សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ដែលមានចំណងជាមិត្តភាពដែកថែបជាមួយគ្នា៕⁩