បើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី ២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តោលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និង ស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៤  ជូនដល់សិក្ខាកាមមកពីបណ្តាសាខាបក្សឃុំ ក្នុងស្រុកសាមគ្គីមានជ័យ ដោយមានការ ចូលរួមជាកិត្តិយសពី ឯកឧត្តម សោម សុផាត អនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រុមការងារគណប្សថ្នាក់កណ្តាល ខេត្ត ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ពៅ ស៊ីថា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានឲ្យ ដឹងថាៈគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានបើកវគ្គបណ្តុះបណ្តាលកំរិត១បានចំនួន២៣វគ្គរួចហើយ នៅថ្ងៃនេះបើកវគ្គបណ្តុះបណ្តាលវគ្គទី២៤ ដែលមានសិក្ខាកាមមកពីបណ្តាសាខាបក្ស ឃុំក្នុងស្រុកសរុប ៥១៩ រូប ក្នុងនោះស្រីចំនួន១៣៦ រូប។

មានប្រសាសន៍បើកក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែនបានពាំនាំការសួរសុខទុក្ខ ពីសម្តេចប្រធានគណបក្ស  សម្តេចអនុប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស ជូនដល់សិក្ខាកាម ក៏ដូចមន្រ្តីបុគ្គលិកបម្រើការងារក្នុងវគ្គសិក្សានេះ ប្រកប ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ ថាៈ ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ចម្បងមួយដែលគណបក្សយើង តែងតែប្រកាន់ខ្ជាប់តាំងពី ដើមរៀងមក ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ជាពិសេសការដឹកនាំក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស នា បច្ចុប្បន្ននេះ ។

វគ្គអប់រំនយោបាយមានគោលបំណងលើកកម្ពស់ទាំងសមត្ថភាពការងារ និង គុណធម៌របស់មន្រ្តីគណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ និង សកម្មភាព ដើម្បីធានាជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេចនានា
របស់គណបក្សផងដែរ ៕