លោក អ៊ីឡុន ម៉ាស់ ថា AI អាចមានគ្រោះថ្នាក់ជាងអាវុធនុយក្លេអ៊ែរ

សហគ្រិនអាមេរិក លោក អ៊ីឡុន ម៉ាស់ (Elon Musk) បានរំឭកម្តងទៀតថា លោកធ្លាប់បានព្រមានតាំងពី១២ឆ្នាំមុនមកហើយថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik។

កាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ដារីអូ អាម៉ូឌី (Dario Amodei) នាយកប្រតិបត្តិនៃក្រុមហ៊ុន Anthropic បានអំពាវនាវឱ្យមានការបន្ថយល្បឿននៃការអភិវឌ្ឍម៉ូឌែល AI ដោយសារតែមានក្តីបារម្ភពាក់ព័ន្ធនឹងសុវត្ថិភាព។ បន្ទាប់មក លោក អ៊ីឡុន ម៉ាស់ បានបង្ហាញការយល់ស្របចំពោះសំណើក្នុងការកាត់បន្ថយល្បឿនអភិវឌ្ឍន៍ AI ទាំងនេះ។

កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Anthropic លោក ជេខុប ខុកសុន (Jacob Coxon) បានប្រកាសលាចេញពីឧស្សាហកម្មបញ្ញាសិប្បនិម្មិត ដោយសារតែមានការភ័យខ្លាចថា ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កំពុងឆ្ពោះទៅរក «ចំណុចដែលមិនអាចត្រឡប់ក្រោយវិញបាន» ហើយអាចនាំឱ្យកើតមានគ្រោះមហន្តរាយដ៏អាក្រក់បំផុតនៅត្រឹមចុងឆ្នាំ២០២៧។

អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសុវត្ថិភាពម្នាក់នៅក្រុមហ៊ុន Anthropic បានព្រមានថា បញ្ញាសិប្បនិម្មិតកំពុងរីកចម្រើនយ៉ាងលឿន រហូតដល់លោកជឿថាមានឱកាសច្រើនជាង១០% ដែល AI «អាចសម្លាប់មនុស្សទាំងអស់នៅលើផែនដី» នៅក្នុងអំឡុងទសវត្សរ៍ខាងមុខនេះ។

លោក អ៊ីវ៉ាន ហាប់ប៊ីងហ្គឺ (Evan Hubinger) បានលើកឡើងនៅក្នុងសារលើបណ្តាញសង្គម X ថា ហានិភ័យដែលកើតចេញពីម៉ូឌែល AI បច្ចុប្បន្នគឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែលោកមានក្តីបារម្ភថា បច្ចេកវិទ្យានេះអាចនឹងអភិវឌ្ឍ និងកែលម្អខ្លួនឯងនាពេលឆាប់ៗខាងមុខ រហូតដល់ចំណុចមួយដែលវាបង្កើតជាហានិភ័យដ៏ធ្ងន់ធ្ងរដល់ជីវិតរបស់មនុស្សជាតិ៕