កំពង់ឆ្នាំង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នគរបាលទូទាំងខេត្តបានបន្តពង្រឹងការងារល្បាតចល័តពេលយប់ ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
គោលបំណងសំខាន់នៃប្រតិបត្តិការនេះ គឺបង្ការ និងទប់ស្កាត់រាល់បទល្មើសនានា រួមមានបញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ ក៏ដូចជាការលុបបំបាត់បញ្ហាក្មេងទំនើង ដែលអាចបង្កការចលាចល និងអសន្តិសុខក្នុងមូលដ្ឋាន។
កម្លាំងនគរបាលនៅតាមអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង ៨ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានបន្តអនុវត្តការងារល្បាតចល័តពេលយប់យ៉ាងសកម្ម ត្រួតពិនិត្យអាវុធ និងគ្រឿងផ្ទុះ ព្រមទាំងត្រៀមខ្លួនអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។
ការងារល្បាតចល័តនេះ ត្រូវបានអនុវត្តជាប្រចាំ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសមត្ថភាពរបស់កម្លាំងនគរបាល ក្នុងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តកំពង់ឆ្នាំង។
