ប៉ូលីសអន្តោប្រវេសន៍ថៃបង្ក្រាបបណ្តាញ Call Center Scam នៅបាងកក ចាប់ខ្លួនជនសង្ស័យ ១៥ នាក់ គោលដៅជនជាតិជប៉ុន

បាងកក៖ប៉ូលីសអន្តោប្រវេសន៍ថៃ បានធ្វើប្រតិ បត្តិការបង្ក្រាបទីតាំងប្រតិបត្តិការបណ្តាញបោកប្រាស់តាមទូរស័ព្ទ (Call Center Scam) មួយកន្លែងនៅខណ្ឌ Bang Bon ទីក្រុងបាងកក កាលពីយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ ដោយបានចាប់ខ្លួនជនសង្ស័យសរុប ១៥ នាក់ ដែលភាគច្រើនជាជនបរទេស។

យោងតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ប៉ាន់ថាណា នុចាណាត់ (Pol Maj Gen Panthana Nuchanart) អនុប្រធានការិយាល័យអន្តោប្រវេសន៍ សមត្ថកិច្ចបានធ្វើការវាយឆ្មក់លើវីឡាដ៏ប្រណិតមួយនៅ Soi Ekkachai 112 ក្រោយទទួលបានព័ត៌មានពីអ្នកជិតខាងថាមានជនបរទេសចំនួនច្រើនចូលចេញយ៉ាងគួរឱ្យសង្ស័យ។

ក្នុងចំណោមជនសង្ស័យ ១៥ នាក់ មានជនជាតិថៃ ១ នាក់ និងជនបរទេស ១៤ នាក់ រួមមានជនជាតិជប៉ុន ចិន តៃវ៉ាន់ និងមីយ៉ាន់ម៉ា។ ពួកគេត្រូវបានគេសង្ស័យថាជាបុគ្គលិកប្រតិបត្តិការ ដែលមានតួនាទីធ្វើការហៅទូរស័ព្ទបោកប្រាស់ជនរងគ្រោះជនជាតិជប៉ុន។

នៅទីតាំងនោះ សមត្ថកិច្ចបានរកឃើញបន្ទប់ជាច្រើនដែលត្រូវបានរៀបចំឱ្យស្រដៀងនឹងស្ថានីយប៉ូលីសជប៉ុន ស្គ្រីបនិយាយភាសាជប៉ុន ឯកសណ្ឋានប៉ូលីសក្លែងក្លាយ ប័ណ្ណសម្គាល់ក្លែងក្លាយ ព្រមទាំងកុំព្យូទ័រ ទូរស័ព្ទ ស៊ីមកាត និងគ្រឿងញៀនមួយចំនួន។

យោងតាមការស៊ើបអង្កេតដំបូង ជនសង្ស័យបានក្លែងខ្លួនជាប៉ូលីសជប៉ុន តាមរយៈការហៅវីដេអូ ដោយអះអាងថាជនរងគ្រោះមានប្រតិបត្តិការហិរញ្ញវត្ថុគួរឱ្យសង្ស័យ ឬមានកញ្ចប់ខុសច្បាប់ ដើម្បីបង្ខំឱ្យផ្ទេរប្រាក់។

ចំណែកមេខ្លោងដែលគេសង្ស័យថាជាជនជាតិចិន មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ គាត់ត្រូវបានគេជឿថាបានជួលវីឡានេះតាមរយៈអ្នកថៃម្នាក់ ក្នុងតម្លៃប្រមាណ ៩០០,០០០ បាត ក្នុងមួយខែ អស់រយៈពេលជាងមួយឆ្នាំ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងស្វែងរកមេខ្លោង ព្រមទាំងសហការជាមួយអាជ្ញាធរជប៉ុន ដើម្បីបង្ក្រាបបណ្តាញនេះឱ្យបានទូលំទូលាយ។