យន្តហោះទម្លាក់គ្រាប់បែក B-2 និងយន្តហោះចម្បាំងបំបាំងកាយ F-22 នឹងហោះហើរពីលើទីតាំងប្រារព្ធពិធីស្វាគមន៍លោកប្រធានាធិបតីចិន ស៊ី ជីនពីង ខណៈអ្នកជំនាញយោធាមើលឃើញថា នេះជាការបង្ហាញពីការគោរព និងជាកំញើញកម្លាំងយោធារបស់អាមេរិកទៅកាន់ចិនផងដែរ

វ៉ាស៊ីនតោន៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit និងយន្តហោះចម្បាំងបំបាំងកាយ F-22 Raptor ចំនួនបួនគ្រឿង បានហោះហើរពីលើសេតវិមាន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ អំឡុងពេលពិធីស្វាគមន៍ផ្លូវការរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង។

ពិធីស្វាគមន៍នេះត្រូវបានរៀបចំដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសេតវិមាន ដោយមានការចូលរួមពីភរិយារបស់មេដឹកនាំទាំងពីរ គឺលោកស្រី មេឡាណា ត្រាំ និងលោកស្រី ផេង លីយួន។

យោងតាមប្រភពផ្លូវការ ការហោះហើររបស់ B-2 និង F-22 ត្រូវបានធ្វើឡើងជាផ្នែកចុងក្រោយនៃពិធីយោធាដ៏ធំមួយ ដែលមានការចូលរួមពីកងទ័ពប្រមាណ ៤៧៩ នាក់ ពីគ្រប់សាខា ក្រុមតន្ត្រីយោធា និងការបង្ហាញសមត្ថភាពរបស់កងម៉ារីន និងកងទ័ពជើងគោក។

មុននោះ នៅថ្ងៃទី២៣ ខែកញ្ញា លោកស៊ី ជីនពីង បានមកដល់មូលដ្ឋាន Joint Base Andrews ដោយលោកត្រាំ បានទៅស្វាគមន៍ដោយផ្ទាល់នៅទីនោះ។ ក្នុងពិធីនោះ មានការបាញ់កាំភ្លើងសួរ ២១ ដើម និងយន្តហោះ B-1B Lancer ពីរគ្រឿងបានហោះហើរពីលើ។

អ្នកជំនាញយោធាមើលឃើញថា ការប្រើប្រាស់យន្តហោះទំនើបទាំងនេះ មានអត្ថន័យពីរយ៉ាង។ ម្យ៉ាងវាជាការបង្ហាញពីការគោរពខ្ពស់ចំពោះភ្ញៀវកិត្តិយស ហើយម្យ៉ាងទៀតវាក៏ជាការបង្ហាញកម្លាំងយោធារបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនផងដែរ។

B-2 Spirit ត្រូវបានគេស្គាល់ថាជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏ទំនើបបំផុតរបស់អាមេរិក ខណៈ F-22 Raptor ជាយន្តហោះចម្បាំងដែលមានសមត្ថភាពគ្រប់គ្រងលំហអាកាសខ្ពស់។ ការហោះហើររួមគ្នានេះ ត្រូវបានចាត់ទុកថាជានិមិត្តរូបនៃសមត្ថភាពវាយប្រហារយុទ្ធសាស្ត្រ និងឧត្តមភាពអាកាសរបស់សហរដ្ឋអាមេរិក។

ការធ្វើដំណើររបស់លោកស៊ី ជីនពីង មកកាន់សហរដ្ឋអាមេរិកលើកនេះ គឺជាដំណើរទស្សនកិច្ចរដ្ឋលើកដំបូងក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ។