អារ៉ាប៊ីសាអូឌីតលក់ប្រេងជិត ១០០ លានបារ៉ែលទៅអាស៊ី ជួយកាត់បន្ថយហានិភ័យខ្វះខាតការផ្គត់ផ្គង់

រីយ៉ាត ៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានលក់ប្រេងស្ទើរតែ ១០០ លានបារ៉ែល ទៅកាន់អ្នកទិញនៅតំបន់អាស៊ី ចាប់តាំងពីពាក់កណ្តាលសប្តាហ៍មុនមក ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការខ្វះខាតការផ្គត់ផ្គង់នៅក្នុងតំបន់នេះ។

យោងតាមក្រុមពាណិជ្ជករដែលដឹងពីការទិញលក់ប្រេង និងបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ បរិមាណលក់នេះស្មើនឹងតម្រូវការប្រេងសរុបរបស់ពិភពលោកប្រហែលមួយថ្ងៃ។ ប្រេងទាំងនេះនឹងត្រូវដឹកជញ្ជូនក្នុងខែតុលា និងវិច្ឆិកា តាមរយៈច្រកសមុទ្រហ័រមុស។

អ្នកទិញរួមមានក្រុមហ៊ុនចម្រាញ់រដ្ឋ និងឯកជនរបស់ចិន ព្រមទាំងរោងចក្រចម្រាញ់នៅឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង។ ការលក់ដ៏ធំនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យលំហូរប្រេងសាអូឌីតទៅកាន់អាស៊ីតាមច្រកហ័រមុស កើនឡើងជាងពីរដង បើប្រៀបធៀបនឹងកម្រិតថ្មីៗ។

ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដែលបំពង់បង្ហូរប្រេង East-West របស់ Saudi Aramco ដែលជៀសវាងច្រកហ័រមុស ទៅកាន់កំពង់ផែ Yanbu នៅសមុទ្រក្រហម នៅមិនទាន់ដំណើរការពេញលេញទេ បន្ទាប់ពីត្រូវបានវាយប្រហារនៅថ្ងៃទី ១០ ខែកញ្ញា។ ក្រុមហ៊ុនកំពុងស្តារប្រតិបត្តិការឡើងវិញបន្តិចម្តងៗ។

ដើម្បីជួយសម្រួលដល់អ្នកទិញអាស៊ី ដែលប្រឈមនឹងហានិភ័យ និងថ្លៃដឹកជញ្ជូនកើនឡើងខ្ពស់ ក្រុមហ៊ុន Saudi Aramco បានទទួលយកការគ្រប់គ្រងភស្តុភារ និងហានិភ័យដឹកជញ្ជូនដោយខ្លួនឯង ដោយបញ្ជូនប្រេងផ្ទាល់ទៅកាន់អតិថិជន។

ការលក់ប្រេងដ៏ធំនេះត្រូវបានគេមើលឃើញថាជាជំហានសំខាន់ក្នុងការរក្សាស្ថិរភាពការផ្គត់ផ្គង់ប្រេងនៅអាស៊ី ក្នុងពេលដែលតំបន់នេះកំពុងប្រឈមនឹងសម្ពាធផ្នែកថាមពល។