កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន សហការជាមួយកម្លាំងកងពលតូចលេខ៧០ សរុបជាង ១០០នាក់ ធ្វើលំហាត់សមយុទ្ធសង្គ្រោះប្រជាពលរដ្ឋជាក់ស្តែងនៅលើផ្ទៃទឹក។
ក្នុងលំហាត់នេះ កងកម្លាំងបានប្រើប្រាស់រថយន្តដឹកកម្លាំងចំនួន ៦គ្រឿង រថយន្តសង្គ្រោះ ២គ្រឿង និងកាណូត ២៥គ្រឿង។
លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ថា ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះប្រជាពលរដ្ឋនៅលើផ្ទៃទឹកនាពេលនេះ ដោយសារស្ថានភាពទឹកជំនន់ទន្លេ និងជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ឆ្នាំង ពិបាកប៉ាន់ស្មាន ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបានគ្រប់ពេល។ លំហាត់នេះក៏មានគោលបំណងពង្រឹងសមត្ថភាពកងកម្លាំងសង្គ្រោះ ដើម្បីត្រៀមទុកជាមុន ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នៅពេលដែលហេតុការណ៍ណាមួយកើតឡើងនៅលើផ្ទៃទឹក។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុភា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានចូលរួមពិធី។ អំណោយទាំងនោះរួមមាន អង្ករ ១៧៥គីឡូក្រាម មី ៧កេស ត្រីខ ៧យួរ ទឹកត្រី ៧យួរ ទឹកស៊ីអ៊ីវ ៧យួរ រួមនឹងថវិកាមួយចំនួន៕
