ស្លាប់ចំនួនពីរករណីដំបូង ដោយសារវីរុស West Nile

បែលហ្ស៊ិក៖ មានការបញ្ជាក់ពីការស្លាប់២នាក់ ដោយសារវីរុស West Nile ដែលជាជំងឺឆ្លងតាមរយៈសត្វ​មូស នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ​ នៅតំបន់ Flanders របស់​ប្រទេសបែលហ្ស៊ិកហើយបច្ចុប្បន្ន កំពុងរីករាលដាលពាសពេញទ្វីបអឺរ៉ុប។

វីរុសនេះអាចបង្កឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយ ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្តាលឱ្យមានអាការៈ«ញ័រខ្លួន គ្រុនក្តៅ សន្លប់ និងការហើមជាលិកាខួរក្បាល ឬហៅថា រលាកខួរក្បាល ដែលអាចបណ្តាលឱ្យស្លាប់។ វាក៏អាចបង្កឱ្យមានជំងឺរលាកស្រោមខួរក្បាលផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាន​ឱ្យដឹង​ថា តំបន់ភាគខាងជើងនៃប្រទេសបែលហ្ស៊ិកមួយនេះ បានបញ្ជាក់ពីការ​ឆ្លងចំនួន ១៤ករណី ក្នុងនោះស្លាប់២ករណីនេះ។

មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការការពារ និងគ្រប់គ្រងជំងឺ បានឱ្យដឹងនៅសប្តាហ៍មុនថា ប្រទេសនៅតំបន់​អឺរ៉ុបចំនួន ១៨ បានកត់ត្រាការ​ឆ្លងជាង ១.៨៥០ករណី៕