ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ភាគីឡាវ។
ទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពង្រឹងចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាដៃគូរវាងកម្ពុជា និងឡាវ ក្នុងវិស័យការពារជាតិ។ ទស្សនកិច្ចនេះឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីផលប្រយោជន៍រួមរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕
