ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម រយៈពេល ២ថ្ងៃ ជូនដល់មន្ត្រីប្រតិបត្តិសាខាចំនួន ១០នាក់ (ស្រី ៥នាក់)។
ពិធីបើកវគ្គនេះ ប្រព្រឹត្តទៅក្រោមវត្តមានលោក សោម ចន្ត្រា នាយករងសាខា និងកញ្ញា វូ យិនណាន គ្រូសម្របសម្រួលសង្គ្រោះបឋមនៃសមាគមសហប្រតិបត្តិការអប់រំសកល។ វគ្គបណ្តុះបណ្តាលនេះទទួលបានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានពហុបច្ចេកទេសវិជ្ជាជីវៈ ជឺជាំង តុងហ្វាង នៃប្រទេសចិន។
ក្នុងឱកាសនោះ ក្នុងនាមលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា លោក សោម ចន្ត្រា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រូសម្របសម្រួល និងសិក្ខាកាមទាំងអស់។
លោកនាយករងក៏បានថ្លែងអំណរគុណចំពោះសមាគមសហប្រតិបត្តិការអប់រំសកល និងវិទ្យាស្ថានពហុបច្ចេកទេសវិជ្ជាជីវៈ ជឺជាំង តុងហ្វាង នៃប្រទេសចិន ដែលបានជួយឧបត្ថម្ភគាំទ្រឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីប្រតិបត្តិលើបច្ចេកទេសថ្មីៗនៃជំនាញវិជ្ជាសង្គ្រោះបឋម។
មុនប្រកាសបើកវគ្គ លោកនាយករងបានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តការងារមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
