ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន

កំពង់ឆ្នាំង៖ព្រឹកថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងាររបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដើម្បីពិភាក្សា និងត្រៀមរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធ ជននៅលើដីសម្បទានសង្គមកិច្ច។

កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិភាក្សាលើការរៀបចំផែន ការ និងការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោង សម្រាប់ការប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន ដែលជាការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងខេត្តក្នុងការឧបត្ថម្ភ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសហការរវាងខេត្ត និងក្រុមការងារថ្នាក់ជាតិ ដើម្បីធានាឱ្យពិធីប្រគល់ផ្ទះនេះប្រព្រឹត្តទៅដោយរលូន និងមានគុណភាពខ្ពស់ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំជាតិ។

ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជននៅលើដីសម្បទានសង្គមកិច្ចនេះ គឺជាផ្នែកមួយនៃគោលនយោបាយគាំទ្រសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាពដល់អតីតយុទ្ធជន និងគ្រួសារ។