កំពង់ចាម៖ នៅវេលាម៉ោង ៩នាទី៤៥ យប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចគោលដៅត្រួតពិនិត្យមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានប្រទះឃើញរថយន្តតាក់ស៊ីមួយគ្រឿង ដឹកជនជាតិចិន ៦នាក់ គ្មានឯកសារស្របច្បាប់ជាប់ខ្លួន និងរកឃើញសម្ភារៈសង្ស័យមួយចំនួន។
បើតាមលោក ខេង ម៉េងឈុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃឈរ បានឱ្យដឹងថា រថយន្តតាក់ស៊ីម៉ាក ហាយឡឹនឌ័រ ពណ៌ស បានធ្វើ ដំណើរពីភ្នំពេញ ឆ្ពោះទៅអូរពងមាន់ ខេត្តស្ទឹងត្រែង។ នៅក្នុងរថយន្តមានជនជាតិចិន ៦នាក់ សុទ្ធតែជាបុរស និងគ្មានឯកសារជាប់ខ្លួនទាល់តែ សោះ។
លោកបានបន្តថា រថយន្តដែលជាប់ ពាក់ព័ន្ធមានអ្នកបើកបររស់នៅភូមិសំរោង ឃុំឈើទោល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចំណែកសម្ភារៈដែលសមត្ថកិច្ច រកឃើញនៅក្នុងរថយន្តរួមមាន៖ កាបាបស្ពាយចំនួន ០៧, ទូរសព្ទ័ចំនួន ១០៩គ្រឿង, កុំព្យូទ័រយួរដៃចំនួន ១គ្រឿង, ថ្មពន្លឺ (ផ្លាស់) ចំនួន ០៥ ។
លោកអភិបាលស្រុកព្រៃឈរ បានបញ្ជាក់ថា ជនបរទេសទាំង៦នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាបន្តទៀត។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើប អង្កេត ដើម្បីរកមូលហេតុ និងបណ្តាញពាក់ព័ន្ធនៃករណីនេះ។
