ឧត្តរមានជ័យ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងរៀងរាល់ចុងសប្តាហ៍នៅតាមបណ្ដាស្រុកនានា ជាពិសេសក្នុងខេត្តជាប់ព្រំដែនប្រទេសថៃ ដោយក្នុងសប្តាហ៍នេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំឡើងនៅបរិវេណវេណសាលាស្រុកចុងកាល់ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
វេទិកានេះគឺជាឱកាសមាសសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន ដោយបាននាំមកនូវព័ត៌មានឱកាសការងារសរុបចំនួន ៨២ ៨១៣កន្លែងនៅទូទាំងប្រទេស។ ក្នុងនោះ ក៏មានការផ្សារភ្ជាប់ដោយផ្ទាល់រវាងអ្នកស្វែងរកការងារប្រមាណជិត ៨០០នាក់ ជាមួយតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស និងសមាគមចំនួន ៥ ដែលកំពុងត្រូវការកម្លាំងពលកម្មភ្លាមៗចំនួន ២ ០៨០កន្លែង។ ទន្ទឹមនឹងនេះ ក្រសួងក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម ងុយ រិទ្ធ បានពន្យល់យ៉ាងក្បោះក្បាយអំពីអត្ថប្រយោជន៍លើសលប់នៃការងារក្នុងស្រុក ដែលមិនត្រឹមតែផ្តល់ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារ និងជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។ អ្វីដែលកាន់តែពិសេស គឺការទទួលបាននូវរបបសន្តិសុខសង្គម (ប.ស.ស.) រួមមានផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្ត និងផ្នែកហានិភ័យការងារ ដែលជាខែលការពារជីវភាពដ៏រឹងមាំ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់យុវជន ជាពិសេសបងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដើម្បីបង្កើនសមត្ថភាព និងប្រាក់ចំណូល។ ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរក្នុងស្រុក គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបក្នុងគ្រប់កាលៈទេសៈ។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានផ្នែក ប.ស.ស.៕
