ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខវីរកងទ័ពជួរមុខ នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់វីរកងទ័ពជួរមុខ។

ក្រុមប្រតិភូបានអញ្ជើញចុះទៅដល់ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ដើម្បីជួបសួរសុខទុក្ខ លោក លន់ ឆៃហុង ដែលឈរជើងនៅជាំស្រងាំ និងលោក ងុន ពុទ្ធារិទ្ធ ដែលឈរជើងនៅច្រកដូង ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងពីរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមាន ប្រសាសន៍ថា ការចុះសួរសុខទុក្ខនេះ គឺដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ចំពោះវីរកងទ័ពជួរមុខ ដែលកំពុងបំពេញការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជាតិ។

ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យលោកទាំងពីរ និងក្រុមគ្រួសារ រក្សាសុខភាព និងបន្តបំពេញការងារប្រកបដោយទំនុកចិត្ត។

លោក លន់ ឆៃហុង និងលោក ងុន ពុទ្ធារិទ្ធ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំខេត្ត ដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្តកាន់តែខ្លាំងក្លា ក្នុងការបំពេញភារកិច្ច។

ការចុះទៅសួរសុខទុក្ខនេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំ និងកងទ័ព ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងជួរមុខ។