ឃាត់ខ្លួនមនុស្សពីរនាក់ ក្រោយធ្វើសកម្មភាពកាប់ឈើនៅព្រៃឡង់

ព្រះវិហារ៖ មនុស្សពីរនាក់ រួមទាំងគោយន្តកន្ត្រៃដឹក ឈើពីរគ្រឿង ត្រូវបានអាជ្ញាធរឧទ្យានុរក្សស្ទាក់ចាប់ឃាត់ខ្លួន ក្រោយពីប្រទះឃើញកំពុងបើកចេញពីតំបន់ព្រៃឡង់។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃព្រៃឡង់ ចំនួន៧ នាក់ បានចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ក្រុមល្បាតបានឈានទៅដល់ចំណុចព្រៃល្បើក ស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដែលជាទីតាំងមានរាយការណ៍ថាមានបទល្មើសព្រៃឈើ។ នៅទីនោះ ក្រុមមន្ត្រីបានប្រទះឃើញ ជនសង្ស័យពីរនាក់ កំពុងបើកគោយន្តកន្ត្រៃដឹកឈើចំនួន២គ្រឿង ប្រភេទឈើអារលេខមួយ និងឈើសុក្រំ។

វត្ថុតាងដែលត្រូវបានរឹបអូសមាន៖ គោយន្តកន្ត្រៃ២ គ្រឿង រណាយន្ត០១ គ្រឿង អាវុធកែច្នៃប្រើហ្គាស០១ដើម ។

ក្រុមល្បាតបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងទាំងអស់ យកទៅរក្សាទុកនៅស្នាក់ការរងពើក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។