កំពង់ឆ្នាំង ៖ កិច្ចប្រជុំផ្សព្វផ្សាយផែន ការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជា សុខរិទ្ធ និងលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើន។
ឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយជាបញ្ហាសង្គមដ៏ធំមួយ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងជីវ ភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសបែបនេះ។
ឯកឧត្តមបានបន្តថា៖ «យុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញត្រូវបានអនុវត្តជាបន្តបន្ទាប់ ហើយថ្ងៃនេះ យើងបន្តផ្សព្វផ្សាយផែនការថ្មី ដើម្បីពង្រឹងការសហការរវាងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជា ពលរដ្ឋ ក្នុងការរកឃើញ និងបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនេះឱ្យមាន ប្រសិទ្ធភាព»។
ក្នុងកិច្ចប្រជុំនេះ បានធ្វើបទបង្ហាញអំពីស្ថានភាពការឆបោកតាមអនឡាញនៅក្នុងខេត្តកំពង់ឆ្នាំង វិធានការដែលបានអនុវត្តកន្លងមក រួមទាំងផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៦-២០២៧ ដូចជា ការពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ការបង្កើនការសហការរវាងអង្គភាពពាក់ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការតាមដាន និងបង្ក្រាប។
ឯកឧត្តម ស៊ីវ រុន និងលោកជា សុខ រិទ្ធ បានណែនាំ ឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ខ្ពស់ រួមសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីការពារប្រជាពលរដ្ឋកុំឱ្យជាជនរង គ្រោះពីក្រុមឆបោក។
