លោក ម៉ៅ ធនិន ដឹកនាំកម្លាំងបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃ ទៅជាអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងគេចវេះចលនាពហិការ

កំពត៖ នៅរសៀលថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះខេត្តកំពត មាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត អជ្ញាធរស្រុក និងតំណាងអយ្យការអមសាលាដំបូងខេត្តដឹកនាំកម្លាំង ដោយ លោក ម៉ៅ ធនិន អភិបាលខេត្ត បានចុះបង្ក្រាបទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ដែលប្តូរសម្បកបាវពីអក្សរថៃ ទៅជាអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងគេចវេះចលនាពហិការផលិតផលថៃ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។

ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរកឃើញភស្តុតាងនៃសកម្មភាពល្មើសច្បាប់ ដោយម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្តូរសម្បកបាវស្ករសដែលមានអក្សរថៃ (ជាប្រភពដើម) មកច្រកក្នុងសម្បកបាវថ្មីដែលមានអក្សរ វៀតណាមវិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ»។

អភិបាលខេត្តកំពត បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត គ្មានការលើកលែងឡើយ។ លោកបានបង្គាប់ឱ្យម្ចាស់សិប្បកម្មទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ចំនួន រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យកម្មករត្រឡប់ទៅផ្ទះវិញ។

ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានហៅអ្នកទិញស្ករសនៅទីតាំងខាងលើ ព្រម ទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត មកធ្វើកំណត់ហេតុបំភ្លឺដើម្បីបន្តស្រាវជ្រាវស្វែងរកខ្សែសង្វាក់ពាក់ព័ន្ធទាំងអស់។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿង និងធ្វើកំណត់ហេតុឱ្យបានច្បាស់ លាស់ ស្វែងរកម្ចាស់ទីតាំងពិតប្រាកដ ព្រម ទាំងអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធាន ការបញ្ជូនទៅតាមនីតិវិធីច្បាប់ ដោយគ្មានការយោគយល់ឡើយ៕