ខេត្តកំពង់ចាម បើកវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍នានា

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម បានអញ្ជើញជាធិបតីបើកវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល និងសហគមន៍នានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញតម្លាភាពក្នុងការអភិវឌ្ឍមូលដ្ឋាន។

វេទិកានេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី មន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក និងតំណាងអង្គការ សមាគម សហគមន៍នានា។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើង ថា វេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋ បាលខេត្តកំពង់ចាម និងអង្គការសង្គមស៊ីវិល គឺស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដែលជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំវេទិកាបែបនេះ ដើម្បីស្តាប់ពីបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពីសំណាក់អង្គការសង្គមស៊ីវិល និងសហគមន៍។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គោលបំណងសំខាន់នៃវេទិកា គឺដើម្បីពង្រឹង និងលើកកម្ពស់កិច្ច សហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាម ជាមួយអង្គការ សមាគម និងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម បានអនុញ្ញាតឱ្យតំណាងអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ លើកឡើងនូវចំណាប់អារម្មណ៍ សំណើរ សំណូមពរ និងក្តីកង្វល់នានាយ៉ាងផុសផុល។ ឯកឧត្តម បានណែនាំឱ្យអភិបាលក្រុង ស្រុក ឃុំ សង្កាត់ យកចិត្តទុកដាក់អនុវត្តន៍ ដោយផ្អែកលើតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងគោលការណ៍ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គសំខាន់មួយក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ។អង្គការទាំងនេះបានខិតខំជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងការគាំទ្រក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។

វេទិកានេះ ជាវេទិកាសំខាន់មួយ ដើម្បីពង្រឹងទំនុកចិត្ត និងកិច្ចសហការរវាងរដ្ឋ និងវិស័យសង្គមស៊ីវិល ក្នុងការដោះស្រាយបញ្ហាមូលដ្ឋាន និងជំរុញការអភិវឌ្ឍខេត្តកំពង់ចាមឱ្យកាន់តែរីកចម្រើន៕