ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់តំណែង និង លុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លើលោក គឹម ប្រុស អតីតប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) ខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លើលោក គឹម ប្រុស អតីតប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប) ខេត្តបាត់ដំបង ក្រោយពីមានប្រតិកម្មខ្លាំងក្លាពីសម្តេចតេជោ ហ៊ុន សែន។

សេចក្តីសម្រេចនេះ ត្រូវបានចេញឡើងក្រោយពី      សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រតិកម្មយ៉ាងខ្លាំងក្លា ដោយចាត់ទុកថា លោក គឹម ប្រុស ជា «មន្ត្រីកាងឈ្មួញនាំទុរេនពីថៃ»។

ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារ ភាពថា បាននាំចូលពីប្រទេសថៃ។ ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ?»។

សម្តេចតេជោ បានបញ្ជាក់ទៀតថា រឿងនេះមិនមែនជាការពហិការនោះទេ ប៉ុន្តែជាបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានណែនាំឱ្យមន្ត្រីគ្រប់រូប កុំយកគំរូតាមមន្ត្រីបែបនេះ ហើយគួរតែចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ជំនួសឱ្យការចាត់វិធានការត្រឹមតែអនុវត្តន៍វិន័យ។

សូមរម្លឹកថា លោក គឹម ប្រុស ធ្លាប់ទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន ក្រោយពីបានថ្លែងថា ទុរេនដែលលក់នៅផ្សារភូពុយ គឺជាទុរេននាំមកពីខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។ ក្រោយមក មានឈ្មួញបានចេញមុខសារភាពថា ពួកគេបានលួចនាំចូលទុរេនពីប្រទេស ថៃ តាមរយៈខេត្តបាត់ដំបង មកលក់នៅកម្ពុជា។

បច្ចុប្បន្ន សេចក្តីសម្រេចរបស់ក្រសួងពាណិជ្ជកម្ម កំពុងទទួលបានការគាំទ្រពីសាធារណជន ដែលមើលឃើញ ថា វិធានការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការពង្រឹងវិន័យមន្ត្រីរាជការ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ៕