លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ២ វគ្គ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ គឺ៖ (១) ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យាឌីជីថល និង (២) ការគ្រប់គ្រងស្ថាប័ន នីតិវិធី និងបទបញ្ជាស្តីពីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ។ វគ្គនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការ លើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំរុញកំណែទម្រង់វិស័យសាធារណៈ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សទៅជាមូលធនមនុស្ស តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ឱកាស ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងរួមចំណែកដល់ជាតិ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងស្នើឱ្យសិក្ខាកាមចែករំលែកចំណេះដឹងទទួលបានទៅកាន់មន្ត្រីផ្សេងទៀត។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។