ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ ជូនដល់សិក្ខាកាមមកពីស្រុករលាប្អៀរដោយ

មានការ ចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត លោក លោកស្រីថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សស្រុករលាប្អៀរ។

លោកជំទាវ ដោក សុទ្ធា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានបើកវគ្គបណ្តុះបណ្តាលកំរិត១បានចំនួន២៤វគ្គរួចហើយ នៅថ្ងៃនេះបើកវគ្គបណ្តុះបណ្តាលវគ្គទី២៥ ដែលមានសិក្ខាកាមមកពីស្រុករលាប្អៀរ សរុប ៦៦០រូប ក្នុងនោះស្រីចំនួន៤០១រូប។

មានប្រសាសន៍បើកក្នុងឱកាសនោះ ឯកឧត្តម ស៊ីវ រុន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស ថ្នាក់ដឹកនាំគណបក្ស និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ជូនដល់សិក្ខាកាម ក៏ដូចមន្រ្តីបុគ្គលិកបម្រើការងារក្នុងវគ្គសិក្សានេះ ប្រកប ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត ។

ឯកឧត្តម ស៊ីវ រុន បានគូសបញ្ជាក់ថាៈ ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ចម្បងមួយដែលគណបក្សយើង តែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ទាំងនៅក្នុងសម័យតស៊ូរំដោះជាតិ ក៏ដូចក្នុងពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេស ជាពិសេសការដឹកនាំក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស បច្ចុប្បន្ននេះ ។ វគ្គអប់រំនយោបាយមានគោលបំណងបញ្ជៀបធាតុចូលដើម្បីលើកកម្ពស់ទាំងសមត្ថភាពការងារ និង គុណធម៌របស់មន្រ្តីគណបក្ស ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់អំពីទស្សនៈ គោលជំហរ និងសកម្មភាព ដើម្បីធានាជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និង សេចក្តីសម្រេចនានារបស់គណបក្ស៕