លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើងនឹងគាំទ្រផលប្រយោជន៍របស់ចិន

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយសារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាកូរ៉េខាងជើងនឹងបន្តគាំទ្រចិននៅក្នុងការការពារអធិបតេយ្យ ទឹកដី និងការអភិវឌ្ឍផលប្រយោជន៍របស់ចិន។

ក្នុងសេចក្ដីរាយការណ៍មួយនៅនៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដូច្នេះថា  «មិនថាស្ថានការណ៍អន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏អារម្មណ៍នៃមិត្តភាពមិនអាចផ្លាស់ប្ដូរបានឡើយរវាងកូរ៉េខាងជើងនិងចិន»។ លោក គីម ធ្វើការកត់សម្គាល់បែបនេះក្នុងជំនួប ទ្វេភាគីជាមួយលោក ស៊ី ជីនពីង ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

លោក ស៊ី ជីនពីងវិញក៏បានប្រាប់លោក គីម វិញដែរថាចិន និងកូរ៉េខាងជើង ជាអ្នកជិតខាងល្អ ជាមិត្តល្អ និងជាសមមិត្តល្អដែលមានវាសនារួម។

បើតាម KCNA លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយជិះលើរថភ្លើងពិសេសរបស់លោកត្រឡប់ទៅកូរ៉េខាងជើងវិញ ហើយមន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនិស្ដចិន លោក Cai Qi និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចេញមកជូនដំណើរលោក គីម ត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាង៕