ស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅកម្ពុជា បានផ្ដួចផ្ដើមគំនិតក្នុងការប្ដូរឈ្មោះស្ថានីយប្រេងរបស់ខ្លួនទៅជា «PEACE Petroleum Cambodia-PPC»

ភ្នំពេញ៖ លោក ទៀ ស្យាម ដែលស្គាល់ថាជាទិញសិទ្ធិបើកស្ថានីយ៍ប្រេងឥន្ធនៈ PTT នៅកម្ពុជា បានផ្ដួចផ្ដើមគំនិតក្នុងការប្ដូរឈ្មោះស្ថានីយប្រេងរបស់ខ្លួនទៅជា «PEACE Petroleum Cambodia-PPC» ដែលបកប្រែថា «សន្ដិភាព» សំដៅពង្រឹងស្មារតីជាតិនិយម ស្របពេលដែលកម្ពុជាកំពុងមានបញ្ហាជម្លោះជាមួយប្រទេស ថៃ លើបញ្ហាព្រំដែន ។

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយឆ្លងកាត់ការជជែកពិភាក្សាជាមួយអ្នកដែល ទិញសិទ្ធិបន្ដ ដើម្បីបើកស្ថានីយប្រេង PTT នៅកម្ពុជាអស់ជាច្រើនថ្ងៃនោះ លោក ទៀ ស្យាម បានបង្ហើបអំពីវឌ្ឍនភាពថ្មីនៃកិច្ចពិភាក្សានេះ ដោយភ្ជាប់ជាមួយខ្លឹមសារ និងគំរូនៃការឌីហ្សាញថ្មីរបស់ស្ថានីយប្រេង ដែលប្រើជំនួសស្ថានីយប្រេង PTT។

លោកបានចាត់ទុកថា ឈ្មោះស្ថានីយ៍ប្រេងថ្មីនេះ គឺសុទ្ធតែបង្កប់ដោយអត្ថន័យ ដែលបង្កប់នៅក្នុងឈ្មោះ និងគំរូនៃការឌីហ្សានេះរួមមាន៖

-ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ

-ពណ៌ស ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់

-ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេន ដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន

-សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាព ប្រៀបបានដូចជាការប្រកាសឯករាជ្យ របស់ក្រុមហ៊ុន PPC

-ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើង ដោយភាពរុងរឿងរបស់កូនខ្មែរ៕