ពោធិ៍សាត់៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ បានរៀបចំព្រឹត្តិការណ៍ដង្ហែទង់ជាតិខ្មែរ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ក្រោមប្រធានបទ «ស្មារតីប្រជាជនខេត្តពោធិ៍សាត់ រួមគ្នាថែរក្សាជាតិមាតុភូមិ» ដោយវត្តមានលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រះសង្ឃ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមហាជន ប្រមាណជាង១ម៉ឺនអង្គ/នាក់។
ការៀបចំពិធីនេះឡើង ក្នុងគោលបំណងគោរពដឹងគុណដល់វីរកងទ័ពអង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងចូលរួមអបអរសាទរ ចំពោះសម្តេច តេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងអរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចំពោះការស្វែងរកបទឈប់បាញ់ រវាងកម្ពុជា-ថៃ «កម្ពុជាចង់បានសន្តិភាព»។
ពិធីដង្ហែទង់ជាតិខ្មែរ ត្រូវបានប្រារព្ធធ្វើយ៉ាងអធិកអធម ចាប់ពីចំណុចពហុកីឡដ្ឋានខេត្ត ឆ្ពោះទៅបុរីវប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់ ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងក្នុងឱកាសនោះថា ការដង្ហែក្បួននេះ ធ្វើឡើងដើម្បីអបអរសាទរ សម្តេច តេជោ-ធិបតី ចំពោះបូជនកិច្ច និងកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ-ធិបតី ដែលបាននាំយកនូវបទឈប់បាញ់ និងនាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាពលដ្ឋគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានោះ លោកក៏សូមថ្លែងអំណរគុណ ជូនចំពោះប្រធានាធិបតីសហ រដ្ឋអាមេរិក ដូលោក Donald Trump ដែលអនុគ្រោះពន្ធ ពី៣៩% មកត្រឹម១៩% និងខិតខំចំពោះការស្វែងរកបទឈប់បាញ់ ជូនជាតិមាតុភូមិកម្ពុជា។
គោលបំណងថ្ងៃនេះ មានតែមួយ គឺជាតិខ្មែរតែមួយ មិនថារស់នៅក្នុងខេត្តពោធិ៍សាត់ ឬនៅទីណា តែងតែបារម្ម និងយកចិត្តទុកដាក់ជានិច្ច ចំពោះប្រទេសជាតិ ហេតុនេះសូមបញ្ឈប់ការឈ្លានពានមកលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា។ ជាការពិតណាស់ថា ប្រទេសកម្ពុជាតូច តែមានបេះដូងធំ ពួកយើងទាំងអស់គ្នាត្រូវការ និងប្តេជ្ញាថែរក្សាជាតិមាតុភូមិ ក៏ដូចសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងនាមអាជ្ញាធរខេត្ត លោកសូមធ្វើការគោរពវិញ្ញាណក្ខន្ធ ជូនចំពោះវីរកងទ័ព ដែលបានពលីជីវិត នៅលើសមរភូមិ ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងសូមចូលរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារនៃសព ដែលបាត់បង់កូន កូនប្រសារ ប្តី ឪពុក បងប្អូនសាច់ញាតិជាទីស្រឡាញ់៕
