Elon Musk: xAI នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន Apple ពាក់ព័ន្ធនឹងចំណាត់ថ្នាក់លើ App Store

បរទេស៖ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៥ លោក Elon Musk បានប្រកាសតាមបណ្តាញសង្គម X ថា ក្រុមហ៊ុន xAI របស់លោកនឹងចាប់ផ្ដើមនូវ «សកម្មភាពច្បាប់ភ្លាមៗ» ចំពោះក្រុមហ៊ុន Apple ដោយចោទប្រកាន់ថា Apple បានប្រព្រឹត្តិការរំលោភច្បាប់ប្រឆាំងអាជីវក Antitrust ទាក់ទងនឹងវិធីសាស្រ្តរៀបចំចំណាត់ថ្នាក់កម្មវិធី (App Store Rankings)។

Elon Musk បានអះអាងថា App Store របស់ Apple មានការរៀបចំតាមចិត្តចំពោះ OpenAI ដែលធ្វើឱ្យក្រុមហ៊ុន AI ផ្សេងៗ រួមទាំង xAI មានការលំបាកក្នុងការឡើងដល់ចំណាត់ថ្នាក់លេខ១។ មហាសេដ្ឋីរូបនេះសង្កត់ធ្ងន់ថាកម្មវិធី ChatGPT របស់ OpenAI កំពុងកាន់កាប់ចំណាត់ថ្នាក់លេខ១ នៅផ្នែក Top Free Apps ក្នុងសហរដ្ឋអាមេរិក ខណៈដែល Grok របស់ xAI មានត្រឹមលំដាប់លេខ៥ ហើយ Google Gemini នៅទាបជាងនេះ។ Elon Musk ក៏រិះគន់ Apple ពីការមិនដាក់បញ្ចូលកម្មវិធី X និង Grok ក្នុងផ្នែក «Must Have» ទោះបីជាលោកអះអាងថា X ជា «កម្មវិធីព័ត៌មានលេខ១នៅលើពិភពលោក» និង Grok ជាកម្មវិធីក្នុងចំណោម Top 5 ក៏ដោយ។

ការចោទប្រកាន់នេះកើតឡើង នៅពេល Apple កំពុងស្ថិតក្រោមការត្រួតពិនិត្យផ្នែកច្បាប់ និងបទប្បញ្ញត្តិ។ កាលពីខែមេសា ចៅក្រមអាមេរិកបានសម្រេចថា Apple បានបំពានលើដីការបស់តុលាការដែលធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុង App Store របស់ខ្លួន ហើយបានបញ្ជូនក្រុមហ៊ុននេះទៅរដ្ឋអាជ្ញាសហព័ន្ធសម្រាប់ការស៊ើបអង្កេតលើករណីមួយពាក់ព័ន្ធនឹងក្រុមហ៊ុន Epic Games៕