ប៉េកាំង៖កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះការកាត់ទោសក្រុមហ៊ុនបច្ចេកវិទ្យាចិន ហួវៃ (Huawei) នៅសហរដ្ឋអាម៉េរិក។ លោកក៏បានច្រានចោលផែនការដំឡើងពន្ធគយថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនលើទំនិញចិន ដោយចាត់ទុកថាជាការប៉ុនប៉ងគាបសង្កត់ និងទប់ស្កាត់សហគ្រាសចិន។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីគណៈវិនិច្ឆ័យសហព័ន្ធនៅតំបន់ប្រ៊ូកឃ្លីន (Brooklyn) កាលពីថ្ងៃអង្គារ បានរកឃើញថា ក្រុមហ៊ុនហួវៃមានពិរុទ្ធលើបទចោទប្រកាន់ចំនួន ១០ ករណីក្នុងចំណោម ១២ ករណី រួមមានបទឆបោកធនាគារ រំលោភបំពានទណ្ឌកម្ម និងលួចអាថ៌កំបាំងពាណិជ្ជកម្ម។ មេធាវីក្រុមហ៊ុនគ្រោងនឹងប្តឹងឧទ្ធរណ៍ មុនពេលប្រកាសសាលក្រមកំណត់ទោសនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៧។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម លោក គូ ជៀគុន បានច្រានចោលការចោទប្រកាន់ពីសំណាក់អាម៉េរិក ពាក់ព័ន្ធនឹងការផលិតលើសតម្រូវការក្នុងវិស័យឧស្សាហកម្ម។ លោកសង្កត់ធ្ងន់ថា សង្គ្រាមពន្ធគយ និងសង្គ្រាមពាណិជ្ជកម្មមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ បន្ទាប់ពីអាម៉េរិកបានបញ្ចប់ការស៊ើបអង្កេតក្រោមមាត្រា ៣០១ លើប្រទេស និងតំបន់សេដ្ឋកិច្ចចំនួន ១៦ រួមទាំងចិន សហភាពអឺរ៉ុប ឥណ្ឌា និងជប៉ុន។
ជាមួយគ្នានេះ ទីក្រុងប៉េកាំងបានស្វាគមន៍ជោគជ័យនៃបេសកកម្មអវកាស សិនចូវ-២៤ (Shenzhou-24) ដែលបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល ជីវឈួន (Jiuquan) កាលពីថ្ងៃពុធ។ បេសកកម្មនេះនាំយកអវកាសយានិកប៉ាគីស្ថាន លោក មូហាម៉ាត់ ស៊ីសាន អាលី (Muhammad Zeeshan Ali) រួមជាមួយអវកាសយានិកចិន ឡើងទៅកាន់ស្ថានីយអវកាស ធានគុង (Tiangong)។ អវកាសយានិកប៉ាគីស្ថានក្លាយជាអវកាសយានិកបរទេសដំបូងគេនៅលើស្ថានីយអវកាសចិន។
