ឯកឧត្តម នេត្រ ភក្ត្រា ជំរុញឲ្យរក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ឲ្យបានល្អ ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ រក្សាពូជ «ក្រូចថ្លុងកោះទ្រង់» ឲ្យបានល្អ និងពង្រីកការដាំដុះបន្ថែម ដើម្បីបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសឯកឧត្តមធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កោះទ្រង់ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៦។

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រូចថ្លុងកោះទ្រង់ គឺជាផលិតផលមួយក្នុងចំណោមផលិតផល ៨ ប្រភេទដែលទទួលបានការចុះបញ្ជីសម្គាល់ម៉ាកសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ជាមោទនភាពរបស់ខេត្តក្រចេះ។ ដូច្នេះត្រូវគ្រប់គ្រង បន្សុទ្ធ ពូជ និងពង្រីកការដាំដុះ ដោយជៀសវាងការលាយលំជាមួយពូជផ្សេង។

ឯកឧត្តមបន្តថា ដំណាំនេះមានសក្តានុពលខ្ពស់ មិនត្រឹមតែជួយបង្កើនជីវភាពកសិករប៉ុណ្ណោះទេ ថែមទាំងលើកតម្លៃកេរ្តិ៍ឈ្មោះសង្កាត់ និងខេត្ត តាមរយៈវិស័យទេសចរណ៍ផងដែរ។

ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចុះបញ្ជី GI ជាផ្លូវការកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ បច្ចុប្បន្ន ប្រជាពលរដ្ឋប្រមាណ ៩០% នៅសង្កាត់កោះទ្រង់ ដាំដុះលើផ្ទៃដីជាង ៣០ ហិកតា មានដើមជាង ១ ម៉ឺនដើម ដោយដើមនីមួយៗអាចផ្តល់ផ្លែយ៉ាងតិច ១០០ ផ្លែក្នុងមួយឆ្នាំ។ តម្លៃលក់បេះចេញពីដើមគឺ ៧,០០០ ទៅ ៨,០០០ រៀលក្នុងមួយគីឡូក្រាម។

កោះទ្រង់ ជាសង្កាត់មួយក្នុងក្រុងក្រចេះ ស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្ត មានផ្ទៃដី ២២៣ ហិកតា មានភូមិ ២ និងប្រជាពលរដ្ឋភាគច្រើនជាកសិករ ដោយសារដីសម្បូរជីវជាតិ សមស្របសម្រាប់កសិកម្ម និងទេសចរណ៍ធម្មជាតិ។