កំពង់ឆ្នាំង÷ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៦ លើកទី១៩ក្រោមប្រធាន បទ «យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអន ឡាញ» បានប្រារព្ធឡើងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២៦ នៅខេត្តកំពង់ឆ្នាំង។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងមានការចូលរួមយ៉ាងច្រើនកុះករ ពីឯកឧត្តម លោកជំទាវ មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងអង្គការដៃគូ សរុបចំនួន ៥១៣ នាក់។
ពិធីនេះជាផ្នែកមួយនៃការបន្តផ្សព្វផ្សាយ និងអំពាវនាវឱ្យសង្គមទាំងមូលរួមគ្នាបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសអំពើឆបោកតាមអនឡាញ ដែលជាបញ្ហាប្រឈមធំក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន។ ប្រធានបទឆ្នាំនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅកម្ពុជាគ្មានអំពើទាំងនេះ ដើម្បីការពារសុវត្ថិភាព និងសេចក្តីរីករាយរបស់ប្រជាពលរដ្ឋ។
សូមរម្លឹកថាទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១២ ខែធ្នូ ប៉ុន្តែនៅឆ្នាំ២០២៦ កម្មវិធីត្រូវបានរៀបចំក្នុងខែមីនា ដើម្បីសម្រួលទៅនឹងស្ថានភាពជាក់ស្តែង និងធានាឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ។
កម្មវិធីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញឱ្យបានទាំងស្រុង ដើម្បីសង្គមសុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
