លោកស្រី ប៊ន សុភី ដឹកនាំមន្រ្តីចូលរួមកិច្ចប្រជុំចាប់ផ្តើមការងារសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនៅខេត្តកំពង់ឆ្នាំង សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញZoom

កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីសាលាខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធចូលរួមកិច្ចប្រជុំចាប់ផ្តើមការងារសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្ប ញ្ញត្តិនៅខេត្តកំពង់ឆ្នាំង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ Zoom។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ (National Audit Authority – NAA)។

កិច្ចប្រជុំមានគោលបំណងផ្តល់នូវការណែនាំ និងការរៀបចំផែនការសម្រាប់ការបំពេញការងារសវនកម្មលើការអនុលោមភាពច្បាប់ និងបទ បញ្ញត្តិផ្សេងៗ ដែលអនុវត្តលើរដ្ឋបាលខេត្ត រួមទាំងការគ្រប់គ្រងថវិកា ទ្រព្យសម្បត្តិរដ្ឋ និងការប្រើប្រាស់ធនធានសាធារណៈឱ្យបានត្រឹមត្រូវ ថ្លៃថ្នូរ និងមានប្រសិទ្ធភាព។

អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ បានណែនាំអំពីវិធីសាស្ត្រ និងតម្រូវការសំខាន់ៗក្នុងដំណើរការសវនកម្ម ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានសាធារណៈនៅតាមថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ។

លោកស្រី ប៊ន សុភី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងក្នុងការសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការសវនកម្ម និងអនុវត្តអនុសាសន៍ផ្សេងៗឱ្យបានល្អប្រសើរ ដែលជួយរួមចំណែកដល់ការពង្រឹងការគ្រប់គ្រងសាធារណៈ និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅខេត្ត។

កិច្ចប្រជុំបានបញ្ចប់ដោយសេចក្តីសន្និដ្ឋាន និងការកំណត់ផែនការសកម្មភាពបន្តទៀត ដើម្បីធានាថាការងារសវនកម្មនឹងដំណើរការទៅដោយរលូន និងសម្រេចបានលទ្ធផលជាវិជ្ជមាន។