ខេត្តកំពង់ឆ្នាំង រៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង។ មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត សិស្សានុសិស្ស និងដៃគូវិស័យឯកជន ជាច្រើនរូប។

ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវាដ៏សំខាន់មួយ ដែលមានគោលបំណងបង្កើនការយល់ដឹង និងការគោរពចំពោះគុណតម្លៃដ៏ធំធេងនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាមរតកដ៏មានតម្លៃ និងជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។

ទិវានេះក៏រួមចំណែកលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ព្រមទាំងបំផុសគំនិតឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលជាកម្លាំងចលករសំខាន់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ។ រួមទាំងការលើកកម្ពស់វប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូត។

ពិធីប្រារព្ធទិវាវប្បធម៌ជាតិនៅខេត្តកំពង់ឆ្នាំងឆ្នាំនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់គ្រប់វិស័យ ក្នុងការរួមចំណែកថែរក្សា និងផ្សព្វផ្សាយមរតកវប្បធម៌ជាតិ ជាពិសេសតាមរយៈការចូលរួមរបស់យុវជន ដើម្បីធានាឱ្យវប្បធម៌ខ្មែរនៅតែរឹងមាំ និងរីកចម្រើនទៅមុខ។