លោក សាន់ យូ ដឹកនាំដាំដើមឈើ ២៥០ដើម នៅតំបន់វត្តអារាម និងវិហារឥស្លាម

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធាន គណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង បានដឹក នាំមន្ត្រីអាជ្ញាធរស្រុក ឃុំ ភូមិ គណៈកម្មាការអាចារ្យវត្ត គណៈអ៊ីម៉ាំវិហារឥស្លាម រួមទាំងយុវជនសមាគមសម្ព័ន្ធ មូស្លីមកម្ពុជា ចូលរួមដាំដើមឈើចំនួន ២៥០ដើម នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត។

យុទ្ធនាការដាំដើមឈើនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណង រួមគ្នាលើកកម្ពស់បរិស្ថាន និងសោភ័ណ្ឌភាពនៅតាមទីវត្តអារាម និងវិហារឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង។ ទីតាំងដែលបានដាំដើមឈើរួមមាន៖ តំបន់ទំនប់កប់សេះ, វិហារភូមិឈូកក្រញ៉ាស់, វិហារអូរស្មាច់ (ទួល) ក្នុងឃុំឈូកស, វត្តអង្សសិរី ក្នុងឃុំថ្មឥដ្ឋ។ដើមឈើដែលបានដាំរួមមាន ដើមក្រញូង ដើមក្ងោក ដើមលឿងរាជ និងដើមអូយម៉ូយ។

លោក សាន់ យូ បានមានប្រសាសន៍ថា សកម្មភាពនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សបរិស្ថាន និងការលើកកម្ពស់ធម្មជាតិនៅក្នុងស្ថាប័នធម្មនិយមទាំងសាសនាព្រះពុទ្ធសាសនា និងសាសនាឥស្លាម។ លោកបានអំពាវនាវឱ្យមន្ទីរ អង្គភាព និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំដើមឈើទាំងនេះ ឱ្យបានល្អ ដើម្បីផ្តល់នូវម្លប់ ខ្យល់អុកស៊ីសែន និងសម្រស់បៃតងដល់សហគមន៍។

សកម្មភាពនេះ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសរីករាយ និងមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។