សម្តេចតេជោ ហ៊ុន សែន៖ ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែន​គោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងជំហររឹងមាំលើការនាំចូលទំនិញថៃឆ្លងកាត់ព្រំដែនគោកដោយបញ្ជាក់ថា នៅពេលដែលព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្ត បិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ទំនិញរត់ពន្ធ ទំនិញបំផ្លាញជាតិ និងជាការប្រមាថជាតិ។

ក្នុងសារដែលសម្តេចបានសរសេរលើបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចបានលើកឡើងថា៖ «អាចមានការបកស្រាយខុស ឬយល់តែធ្វើមិនយល់ ឬជាការបំពានឬជាអំពើពុករលួយ ឬជាប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូច និងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមកប្រើប្រាស់នៅកម្ពុជា»។

សម្តេចបានចង្អុលបង្ហាញចំណុចសំខាន់មួយថា៖ «ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែន គោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ»។

សម្តេចបន្តថា នៅពេលព្រំដែនគោកត្រូវបានបិទ មនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបានដែរ។ រីឯទំនិញដែលឆ្លងកាត់ផ្លូវទឹក និងផ្លូវអាកាស គឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ ឬត្រូវច្បាប់។ ផ្លូវទឹកតាមកំពង់ផែសមុទ្រ និងផ្លូវអាកាស (ព្រលានយន្តហោះ) រវាងភាគីទាំងពីរកម្ពុជា-ថៃ នៅដំណើរការជាធម្មតា។

សម្តេចបានអំពាវនាវឱ្យមានការប្រមូលផ្តុំ និងចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះ «មិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ»។

លើសពីនេះ សម្តេចក៏បានបញ្ជាក់ថា កុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតនៅឆ្នាំ២០២៦ ក្រោយពេលព្រំដែនគោកត្រូវបានបិទជាង១ឆ្នាំមកហើយ ហេតុអ្វីបានជាមានលើទីផ្សារកម្ពុជា។ បើសិនជាទំនិញសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។

សម្តេចបញ្ចប់សារដោយសង្កត់ធ្ងន់ថា៖ «អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឲ្យគេមើល ងាយទាំងសាមីខ្លួនទាំងជាតិសាសន៍»។

សាររបស់សម្តេចតេជោ ហ៊ុន សែន បានកើតឡើងក្នុងបរិបទដែលមានការពិភាក្សា និងការបកស្រាយផ្សេងៗគ្នាអំពីការនាំចូលទំនិញពីប្រទេសថៃ ខណៈព្រំដែន គោកនៅតែបិទជាបន្តបន្ទាប់៕