កម្ពុជាចាប់ផ្តើមលើកលែងទិដ្ឋាការសាកល្បងដល់ប្រជាជនចិន

ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីលើកលែងទិដ្ឋាការសាកល្បងសម្រាប់ប្រជាជនចិន ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

នៅព្រលានយន្តហោះអន្តរជាតិតេជោ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានមើលឃើញមានប្រជាពលរដ្ឋចិនមួយចំនួនធំ បានធ្វើដំណើរចូលមកកម្ពុជាដោយប្រើប្រាស់តែលិខិតឆ្លងដែនសាធារណរដ្ឋប្រជាមានិតចិន (PRC) ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការជាមុន។

យោងតាមការប្រកាសរបស់អាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋចិនទាំងអស់ដែលកាន់លិខិតឆ្លងដែន PRC អាចចូលប្រទេសកម្ពុជាបានដោយឥតទិដ្ឋាការ ក្នុងអំឡុងពេលសាកល្បងនេះ។ គោលនយោបាយនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ជំរុញវិស័យទេសចរណ៍ និងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំ។

កម្មវិធីលើកលែងទិដ្ឋាការសាកល្បងនេះ ត្រូវបានរំពឹងថានឹងនាំមកនូវលំហូរភ្ញៀវចិនកាន់តែច្រើន រួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាទេសចរណ៍។

អាជ្ញាធរពាក់ព័ន្ធបានណែនាំឱ្យប្រជាពលរដ្ឋចិនដែលធ្វើដំណើរមកកម្ពុជា គួរគោរពតាមច្បាប់ និងបទ ប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន។

បើគ្មានការផ្លាស់ប្តូរអ្វីនោះទេ កម្មវិធីសាកល្បងនេះនឹងបញ្ចប់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ មុននឹងមានការវាយតម្លៃលទ្ធផល ដើម្បីពិចារណាលើការពង្រីក ឬធ្វើឱ្យជាអចិន្ត្រៃយ៍។