កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង បានព្រមានថា នឹងដកតំណែងមន្ត្រីរាជការរូបណាដែលមានការចូលរួម ឬការពារបទល្មើសនេសាទ ជាពិសេសសកម្មភាពឆក់ក្តៅឆក់ត្រជាក់។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងវេទិកាពិគ្រោះយោបល់ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តជាមួយអង្គការ សមាគម និងសហគមន៍នានា ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ វេទិកានេះមានការចូលរួមពីមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត អង្គការជាដៃគូ សមាគម និងសហគមន៍ជាច្រើន។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា៖ «និយាយរួមគឺហួសសម័យហើយដែលនៅមានសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ ជាពិសេសសកម្មភាព ឆក់ក្តៅឆក់ត្រជាក់នេះ»។ ឯកឧត្តមបានបញ្ជាក់បន្ថែម ថា បើសិនជាមានមន្ត្រីណា កុំថាឡើយមេបុស្តិ៍ មេឃុំ ឬចៅហ្វាយស្រុករូបណាដែលការពារបទល្មើសនេសាទ នោះនឹងត្រូវប្រឈមមុខនឹងការដកតំណែងចោល រួមទាំងបន្តនីតិវិធីផ្លូវច្បាប់ផងដែរ។
អភិបាលខេត្តបានអំពាវនាវឱ្យសហគមន៍នេសាទបង្កើនកិច្ចការពារ កុំឱ្យកើតមានបទល្មើសឆក់ក្តៅឆក់ត្រជាក់នៅក្នុងមូលដ្ឋាន។ ការណែនាំពីប្រមុខរាជរដ្ឋាភិបាលគឺមិនឱ្យមានបទល្មើសនេសាទទៀតទេ គឺត្រូវបង្កើនការការពារធនធានធម្មជាតិឱ្យបានខ្ពស់។
លើសពីនេះ ឯកឧត្តមក៏បានជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ពីការឆក់ត្រីមកជាការចិញ្ចឹមត្រីវិញ។ «យើងនាំគ្នាប្រមូលផ្តុំបច្ចេកទេសទាំងអស់បង្កើតជាសហ គមន៍រួមគ្នារកវិធីសាស្ត្រ កែច្នៃការដាំដុះ ផលិតចំណីអាហារដើម្បីចិញ្ចឹមត្រី»។
ជាពិសេស ស្រុកចំនួន៤ នៅតាមដងទន្លេត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញវិស័យវារីវប្បកម្ម វិស័យឧស្សាហកម្ម ការដាំស្រូវ តំបន់សេដ្ឋកិច្ចពិសេស និងវិស័យទេសចរណ៍ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ និងការពារធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ការព្រមានដ៏ម៉ត់ចត់នេះ ត្រូវបានគេមើលឃើញថាជាសាររឹងមាំមួយពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការបង្ក្រាបបទល្មើសនេសាទ និងផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋឱ្យផ្លាស់ទីទៅក្នុងទិសដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
