កិច្ចប្រជុំភ្នាក់ងារទូរទស្សន៍ និងចាងហ្វាងគេហទំព័រនានាដែលមានទីតាំងប្រតិបត្តិការក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសំខាន់មួយជាមួយភ្នាក់ងារទូរទស្សន៍ និងចាងហ្វាងគេហទំព័រនានាដែលមានទីតាំងប្រតិបត្តិការក្នុងខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីលោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្ត រួមទាំងភ្នាក់ងារទូរទស្សន៍ និងចាងហ្វាងគេហទំព័រក្នុងខេត្តសរុប ២១រូប។

កិច្ចប្រជុំខាងលើនេះផ្តោតលើគោលបំណងសំខាន់ៗចំនួន៤គោលដូចខាងក្រោម៖

១.ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មាន និងប្រតិបត្តិករគេហទំព័រ ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាន។

២. ម្ចាស់គ្រុបតេឡេក្រាមព័ត៌មាន ក្នុងខេត្តរៀបចំសណ្តាប់ធ្នាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីធានាបាននូវបរិយាកាសព័ត៌មានស្អាត និងទំនុកចិត្តពីសាធារណជន។

៣.ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (fake news) ដែលកំពុងកើតឡើងជាប្រចាំនៅលើបណ្តាញសង្គម។

៤.ជម្រុញឱ្យអង្គភាពសារព័ត៌មានក្នុងខេត្តធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងព័ត៌មាន។

លោក ឈាង វណ្ណៈ បានថ្លែងថា កិច្ចប្រជុំនេះគឺជាវេទិកាសំខាន់មួយ ដើម្បីលើកកម្ពស់គុណភាព និងទំនុកចិត្តនៃវិស័យសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង រួមចំណែកថែរក្សាស្ថេរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ។

លោក ហឹង ចូច បានសម្ដែងនូវក្ដីសោមនស្សរីក រាយ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ របស់ភ្នាក់ងារទូរទស្សន៍ប្រចាំខេត្ត និងប្រតិបត្តិករ គេហទំព័រទាំងអស់ក្នុងខេត្តនាពេលកន្លងមក បើទោះបីជាមានបញ្ហាខ្វះខាតមួយចំនួន ។ លោកក៍បាននិងលើកទឹកចិត្តបន្តសកម្មភាព និងការអនុវត្តការងាររបស់ខ្លួនបន្ថែមទៀតដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងធម្មនុញ្ញសារព័ត៌មាន និងរិតចំណងសាមគ្គីគ្នាភាពរវាងអ្នកសារព័ត៌មាន។

កិច្ចប្រជុំបានបញ្ចប់ដោយការពិភាក្សាផ្លូវការ និងការប្តេជ្ញាចិត្តរួមគ្នារវាងមន្ទីរព័ត៌មានខេត្ត និងអ្នកប្រតិបត្តិករសារព័ត៌មានទាំងអស់។