គណៈកម្មាការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បិទផ្សាយជាសាធារណៈ ឯកសារការវិនិច្ឆ័យចុះបញ្ជីដីធ្លីជាប្រព័ន្ធ សម្រាប់ភូមិ៤ ក្នុងឃុំ២ ស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ គណៈកម្មាការរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរៀបចំបិទផ្សាយជាសាធារណៈនូវឯក សារការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង និងភូមិពោរម្រះ ភូមិអូររំចេក ភូមិចក ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ពិធីបិទផ្សាយនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណវត្តស្វាយក័ល្ប ក្រោមអធិបតីភាពលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត។ ក្នុងពិធីនេះមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី តំណាងធនាគារឯកជន និងប្រជាពលរដ្ឋជាច្រើននាក់។

តាមរបាយការណ៍របស់លោក ផាន់ ផាណា ប្រធានក្រុមទី៧ បានឱ្យដឹងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំ ខុនរ៉ង មានសរុប១០ភូមិ និងឃុំចក មាន ៥ភូមិ។ ក្រុមការងារបានអនុវត្តតាមនិតិវិធីនៃដំណាក់កាលនីមួយៗ រហូតដល់ការបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ លទ្ធផលក្នុងភូមិទាំង៤ខាងលើ សរុបទទួលបានការកំណត់ព្រំដីចំនួន ៣៦៤០ក្បាលដី ស្មើនឹង ១៨៤៤គ្រួសារ។

ក្នុងឱកាសនោះ លោក ឈុន សុខកុម្ភៈ បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ជាពិសេសគឺការពន្លឿនការចុះបញ្ជីដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ សុខុមាលភាព កាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

លោកបានបន្តថា ការបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យ រយៈពេល ១៥ថ្ងៃ មានសារៈ សំខាន់ណាស់ ដើម្បីផ្តល់លទ្ធភាពឱ្យម្ចាស់ដី និងភាគីពាក់ព័ន្ធទាំងអស់ អាចធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំ និងព្រំប្រទល់ក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ា បើមានការខុសឆ្គង។

លោក ឈុន សុខកុម្ភៈ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យប្រញាប់រួសរាន់ទៅពិនិត្យមើលឯកសារបិទផ្សាយ រយៈពេលពីថ្ងៃទី១៥ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ (រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន។ បើផុតរយៈពេលកំណត់ នោះបងប្អូននឹងមិនអាចជំទាស់ ឬតវ៉ាបានទៀតឡើយ។

ការបិទផ្សាយនេះ គឺជាផ្នែកមួយនៃការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីដីធ្លីជាប្រព័ន្ធទូទាំងប្រទេស ដើម្បីធានាសិទ្ធិកម្មសិទ្ធិដល់ប្រជាពលរដ្ឋ។