ក្រចេះ ៖ កម្លាំងនគរបាលខេត្តក្រចេះ បានស្រាវ ជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន៦នាក់ ក្នុងចំណោមបក្ខពួក ១១នាក់ ពាក់ព័ន្ធករណីប្រើហិង្សាលើបុរស ២នាក់ នៅលើស្ពានឆ្លងទន្លេមេគង្គ ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៣០នាទីយប់។
តាមការបញ្ជាក់របស់សមត្ថកិច្ច របាយការណ៍ថា ក្រុមក្មេងទំនើងមានគ្នាចំនួន ១១ នាក់ ជិះម៉ូតូ ៤គ្រឿង មកដល់ចំណុចកើតហេតុ ហើយបានឃើញបុរស ២នាក់ ដែលពួកគេមិនស្គាល់អត្តសញ្ញាណ កំពុងអង្គុយលេង។ បន្ទាប់ មក ពួកគេបានធ្វើសកម្មភាពប្រើហិង្សា ដោយ យកមួកសុវត្ថិភាពវាយលើបុរសទាំងពីរ បណ្តាលឱ្យរងរបួសស្រាល និងបានថតវីដេអូសកម្មភាពនោះ យកទៅបង្ហោះលើបណ្តាញសង្គម។
ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានដាក់បទបញ្ជាភ្លាមៗឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ១៩ឆ្នាំ។
បច្ចុប្បន្ន កម្លាំងជំនាញនៃការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាដែលនៅសេសសល់ និងកំពុងរត់គេចខ្លួន។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអំពាវ នាវដល់យុវជន និងក្មេងៗទាំងអស់ ឱ្យចៀស វាងការប្រព្រឹត្តអំពើហិង្សា និងសកម្មភាពក្មេងទំនើង ព្រមទាំងស្តាប់ដំបូន្មានឪពុកម្តាយ និងចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីក្លាយជាកូនល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម៕
