តម្លៃមាសអន្តរជាតិប្រែប្រួលខ្លាំង! ហាងឆេងមាសហក់ឡើង ១២០ ដុល្លារ ក្នុងមួយយប់

ភ្នំពេញ៖ តម្លៃហាងឆេងមាសអន្តរជាតិមានការប្រែប្រួលខ្លាំងនៅយប់ថ្ងៃពុធ ដោយបានឡើងថ្លៃយ៉ាងគំហុក បន្ទាប់ពីទទួលបានសញ្ញាពីទីផ្សារហិរញ្ញវត្ថុសហរដ្ឋអាមេរិក។

ជាក់ស្ដែង នៅយប់ថ្ងៃពុធ ហាងឆេងមាសបានឡើងថ្លៃ ១២០ ដុល្លារក្នុងមួយអោន ដល់កម្រិត ៤ ៤៨៥ ដុល្លារ។ តម្លៃនេះស្មើនឹងប្រមាណ ៥ ៤០៣ ដុល្លារក្នុងមួយតម្លឹង ឬប្រមាណ ៥៤០ ដុល្លារក្នុងមួយជី។

កត្តាសំខាន់ដែលរុញច្រានឲ្យតម្លៃមាសឡើងគឺការចុះខ្សោយនៃប្រាក់ដុល្លារអាមេរិក។ ដោយសារមាសត្រូវបានដាក់តម្លៃជាប្រាក់ដុល្លារ ពេលដុល្លារធ្លាក់ថ្លៃ វាធ្វើឲ្យមាសកាន់តែធូរថ្លៃសម្រាប់អ្នកទិញដែលប្រើរូបិយបណ្ណផ្សេងទៀត ដែលបង្កើនតម្រូវការជាសកល និងរុញតម្លៃមាសឡើង។

កត្តាមួយទៀតគឺការធ្លាក់ចុះនៃទិន្នផលបណ្ណបំណុលរបស់សហរដ្ឋអាមេរិក។ ការប្រាក់លើបណ្ណបំណុលអាមេរិកដែលធ្លាក់ចុះ បានធ្វើឲ្យអ្នកវិនិយោគងាកមកទិញមាសកាន់តែច្រើន ជាទ្រព្យសកម្មជំនួស។ ម្សិលមិញ បណ្ណបំណុលអាមេរិកដែលឡើងបានរុញមាសឲ្យធ្លាក់ថ្លៃបន្តិច ប៉ុន្តែនៅថ្ងៃនេះ និន្នាការបានប្រែប្រួលទៅវិញ។

សម្រាប់ទំនោរមាសនៅចុងឆ្នាំ ២០២៦ ធនាគារធំៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បានព្យាករថាតម្លៃមាសនឹងបន្តឡើង ដោយអាចឈានដល់កម្រិតពី ៥៥៤ ដុល្លារដល់ ៧២២ ដុល្លារក្នុងមួយជី។

អ្នកវិនិយោគ និងអ្នកជំនួញក្នុងវិស័យមាស កំពុងតាមដានការវិវត្តន៍នៃទីផ្សារហិរញ្ញវត្ថុអាមេរិក និងគោលនយោបាយរូបិយវត្ថុជាបន្តបន្ទាប់ ដើម្បីវាយតម្លៃនិន្នាការបន្តទៅមុខ។