ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាព អាកាសធាតុនៅក្នុងរដូវវស្សា ឆ្នាំ២០២៦ ដូចខាងក្រោម៖
១-បាតុភូតសកល ៖ យោងតាមការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័របង្ហាញឱ្យឃើញថា បាតុភូត អែលនីញ៉ូ (El Niño) បានបន្តស្ថិតនៅ កម្រិត១០០% និងកើនដល់កម្រិតអតិបរមាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ ដោយឡែកបាតុភូត អោយអូឌី (IOD) ដែល ស្ថិតនៅមហាសមុទ្រឥណ្ឌាបានវិវត្តទៅជាវិជ្ជមាន (Positive)។
២-រដូវវស្សា ៖ នៅចុងរដូវវស្សាចាប់ពីខែកញ្ញា ដល់ខែតុលា មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និង អតិបរមា ៣៦°C ដែលទាបជាងមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៥។ បរិមាណទឹកភ្លៀងមានពីបង្ហូរទៅ មធ្យម និងមានកម្ពស់ទាបជាងមធ្យមភាគច្រើនឆ្នាំ ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។
៣-ជាសរុបរដូវស្សា ៖ នៅចុងរដូវស្សារហូតបញ្ចប់រដូវស្សាឆ្នាំ២០២៦ សីតុណ្ហភាពមធ្យមអប្បបរមា២៦°C និងអតិបរមា ៣៦°C ដែលទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៥ ហើយបរិមាណ ទឹកភ្លៀងទាបជាងមធ្យមភាគច្រើនឆ្នាំជាមួយនឹងរបាយទឹកភ្លៀងមិនបានរាយប៉ាយដូចឆ្នាំ២០២៥ ហើយបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងជាមធ្យម។ រដូវស្សាអាចបញ្ចប់នៅក្នុងសប្តាហ៍ទី៣ នៃខែតុលា ដែលលឿន ជាងធម្មតា និងលឿនជាងឆ្នាំ២០២៥ ។
យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ក្រសួង ធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុក ដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននិងចាត់ វិធានការរក្សាទឹកទុកឱ្យបានច្រើននៅចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដានអំពីស្ថានភាពអាកាសធាតុដោយយកចិត្តទុកដាក់ និងជូនដំណឹងបន្ថែមបើមានការប្រែប្រួល៕
