ហ្វូងដំរីព្រៃ ៦ក្បាលនៅតែជិតភូមិអ្នកស្រុកនៅស្រុកត្បែងមានជ័យ

ព្រះវិហារ៖ ហ្វូងសត្វដំរីព្រៃចំនួន ៦ ក្បាល ដែលបានចូលមកក្បែរភូមិឋានអ្នកស្រុកនៅតំបន់ពៀមឫស្សី ចំណុចព្រៃកែង ភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ មិនទាន់ធ្វើដំណើរទៅឆ្ងាយនៅឡើយទេ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៦។ ពួកវានៅតែស្ថិតនៅក្បែរភូមិដែលប្រជាពលរដ្ឋរស់នៅ។

លោក ឃីន រស្មី អភិបាលស្រុកត្បែង មានជ័យ បានឱ្យដឹងថា សមត្ថកិច្ចពាក់ព័ន្ធបានធ្វើការតាមដានការរស់នៅ និងការវិវត្តន៍របស់ហ្វូងដំរីព្រៃនេះជារៀងរាល់ថ្ងៃ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នជាមុន។

ក្នុងពេលជាមួយគ្នានេះ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត និងលោក ហុក សុផល អភិបាលរងខេត្ត ក៏បានដឹកនាំកម្លាំងចុះធ្វើការគៀងបង្អើលពួកវា ដើម្បីកុំឱ្យចូលមកស៊ី និងបំផ្លាញដំណាំរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ។