កែប៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អ ដោយផ្តោតលើការកែប្រែឥរិយាបថ បណ្តុះបណ្តាលជំនាញ និងផ្តល់ឱកាសកសាងជីវិតថ្មីប្រកបដោយកិត្តិយស។
ការលើកឡើងនេះក្នុងពិធីសម្ពោធអគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ លោកចាត់ទុកសមិទ្ធផលនេះជាជំហានសំខាន់ក្នុងការកាត់បន្ថយភាពចង្អៀតណែន ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ខណៈជនជាប់ឃុំទូទាំងប្រទេសមានជាង ៧២.០០០នាក់។
លោកក៏បានណែនាំឱ្យរក្សាទំហំផ្ទៃដីពន្ធនាគារ ពិនិត្យទិដ្ឋភាពច្បាប់ស្តីពីស្ត្រីមានផ្ទៃពោះ និងជនបរទេសគ្មានអ្នកទីពឹង ព្រមទាំងបែងចែកអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀនឱ្យនៅដាច់ដោយឡែក។ លោកតម្រូវឱ្យមន្ត្រីពន្ធនាគារប្រកាន់ក្រមសីលធម៌ អនុវត្តវិន័យតឹងរ៉ឹង និងរឹតបន្តឹងការត្រួតពិនិត្យច្រកចេញ-ចូល ដើម្បីទប់ស្កាត់ការនាំចូលគ្រឿងញៀន អាវុធ និងសម្ភារខុសច្បាប់៕

