ស្វាយរៀង ៖ ក្រុមសមត្ថកិច្ចខេត្តស្វាយរៀង បានធ្វើការត្រួតពិនិត្យ និងបង្ក្រាបទីតាំងមួយដែលសង្ស័យមានទំនាក់ទំនងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅសណ្ឋាគារ Nobel Bavet Hotel ក្នុងក្រុងបាវិត ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៦នាក់ រួមទាំងស្ត្រីម្នាក់ និងរកឃើញអាវុធខ្លីមួយដើម ព្រមទាំងវត្ថុតាងផ្សេងៗទៀត។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក ម៉ែន ចាន់រ៉ា អភិបាលក្រុងបាវិត ដោយមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត និងមានការសម្របសម្រួលផ្នែកនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
សណ្ឋាគារដែលត្រូវបានឆែកឆេរនេះ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ ក្រុមការងារដែលចូលរួមមានអភិបាលរងក្រុង អធិការនគរបាលក្រុង មេបញ្ជាការរងមូលដ្ឋាន មេភូមិ ក៏ដូចជាកម្លាំងប៉ុស្តិ៍នគរបាល និងកម្លាំងបង្ការ បង្ក្រាបបទល្មើសរបស់ខេត្តប្រចាំការនៅក្រុងបាវិត។
ក្នុងពេលត្រួតពិនិត្យ នៅជាន់ទី១ បន្ទប់លេខ១១០៥ សមត្ថកិច្ចបានរកឃើញកញ្ចប់ម្សៅពណ៌ផ្កាឈូកមួយកញ្ចប់ រួមជាមួយសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ដែលត្រូវបានប្រគល់ជូនជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដំណើរការតាមនីតិវិធី។
ចំណែកនៅជាន់ទី២ បន្ទប់លេខ២២២០ កម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាមទាំង ៦នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ វត្ថុតាងដែលរកឃើញរួមមាន កុំព្យូទ័រយួរដៃ ៤គ្រឿង ទូរសព្ទដៃ ១១គ្រឿង និងអាវុធខ្លីម៉ាក K59 មួយដើម។
ជនជាតិវៀតណាមឈ្មោះ Nguyen Van Khuyen ដែលត្រូវបានកំណត់ថាជាម្ចាស់អាវុធ ត្រូវបានប្រគល់ជូនជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសួរនាំបន្ត។ ចំណែកជនសង្ស័យទាំង ៥នាក់ទៀត រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តការសាកសួរ និងអនុវត្តនីតិវិធី។
ក្រុមការងារចម្រុះក៏បានសម្រេចបិទត្រាបន្ទប់លេខ២២២០ជាបណ្ដោះអាសន្ន ដើម្បីបន្តការងារតាមនីតិវិធី៕
