កម្មកររោងចក្រយីដា នៅស្រុកកៀនស្វាយ តវ៉ាបិទផ្លូវលេខ១១០ ទាមទារដករដ្ឋបាលចេញ ក្រោយសំដីមិនសមរម្យ

កណ្ដាល ៖ កម្មកររោងចក្រយីដា ចំនួនជាង ៧.០០០ នាក់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានធ្វើកូដកម្មបិទផ្លូវលេខ១១០ ស្ថិតនៅភូមិឬស្សីស្រុក ឃុំលើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដើម្បីទាមទារឲ្យដករដ្ឋបាលរោងចក្រចេញ ដោយសារសំដីមិនសមរម្យ និងការមើលងាយកម្មករ។

យោងតាមប្រភពកម្មករបានឲ្យដឹងថា ពួកគេទ្រាំនឹងសំដីរបស់បុគ្គលិករដ្ឋបាលរោងចក្រអស់រយៈពេលយូរមកហើយ ព្រោះសំដីទាំងនោះអាក្រក់ខ្លាំង មើលងាយកម្មករ មិនឲ្យតម្លៃ និងមានការសង្កត់សង្កិនបន្ថែមទៀត។ ការតវ៉ានេះគឺជាការបង្ហាញការមិនសប្បាយចិត្តរយៈពេលវែងចំពោះការប្រព្រឹត្តរបស់ភាគីរដ្ឋបាល។

អាជ្ញាធរដែនដីបានចុះទៅសម្របសម្រួលនៅទីកន្លែងកើតហេតុ។ ប្រធានមន្ទីរការងារខេត្តកណ្ដាល លោក ធុល នាង ក៏បានចុះទៅដល់ផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់អាចទទួលបានព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធនៅឡើយទេ។

ការតវ៉ាបន្តកើតមាននៅលើផ្លូវលេខ១១០ ខណៈភាគីពាក់ព័ន្ធកំពុងព្យាយាមស្វែងរកដំណោះស្រាយ៕